លោកមានប្រសាសន៍ថា៖ «តម្លៃជួលអាផាតមិន មិនបានកើនឡើងទេនាចុងឆ្នាំមុន និងដើមឆ្នាំនេះ តែផ្ទុយទៅវិញវាកំពុងប្រឈមនឹងការធ្លាក់ចុះតម្លៃជួល ព្រោះការប្រកួតប្រជែងមានច្រើន»។
លោកបានបន្ថែមថា៖ «ការកើនចំនួនខុនដូរហូតដល់ ១០ ០០០ យូនីត ក៏ធ្វើឲ្យទីផ្សារជួលកាន់តែមានការប្រកួតប្រជែង និងរួមចំណែកដល់ការធ្លាក់ចុះតម្លៃទីផ្សារនេះផងដែរ ព្រោះអ្នកទិញខុនដូមួយចំនួនក៏ពួកគេទុកសម្រាប់ជួលផងដែរ»។
ទោះបីជាយ៉ាងណា លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 VTrust បានយល់ឃើញផ្ទុយពីការលើកឡើងខាងលើ ដោយលោកបានប្រាប់ថា ទីផ្សារអាផាតមិន កំពុងកើនឡើង ពិសេសអាផាតមិនតូចៗ។ ចំនួននៃការផ្គត់ផ្គង់ និងតម្រូវការមិនទាន់មានបញ្ហាអ្វីនោះទេ ប៉ុន្តែលោកក៏មានព្រមានដែរថា រយៈពេល១ឆ្នាំទៀតទីផ្សារអាផាតមិនអាចនឹងជួបបញ្ហា ព្រោះចំនួនផ្គត់ផ្គង់ខុនដូកើនឡើងខ្ពស់ដែលធ្វើឲ្យមានផលប៉ះពាល់ ដល់អាផាតមិន។
លោកមានប្រសាសន៍ថា៖«ទោះបីជាយ៉ាងណាទីផ្សារអាផាតមិន គឺនៅតែល្អបើប្រៀបធៀបជាមួយ ខុនដូ ព្រោះបន្ទប់អាផាតមិនភាគច្រើនធំៗជាងបន្ទប់នៅក្នុងខុនដូ ដូច្នេះតម្រូវការប្រើប្រាស់នឹងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះ ទេ»។
លោកបានបន្តថា៖ «តម្លៃជួលអាផាតមិននឹងមិនអាចកើនឡើងទៀតទេ ផ្ទុយទៅវិញតម្លៃរបស់វាកំពុងប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារចំនួនផ្គត់ផ្គង់ខុនដូមានកាន់តែច្រើននៅលើទីផ្សារ»។
អាផាតមិន នៅតែមានភ្ញៀវស្នាក់នៅច្រើននៅក្នុងតំបន់បឹងកេងកង១ ។
បើតាមលោក សុខនីម តម្លៃជួលអាផាតមិនកម្រិត
A ១ បន្ទប់គេងមានតម្លៃ ចន្លោះចាប់ពី
១៣០០ ដុល្លារឡើងទៅ លំដាប់ B មានតម្លៃ
៧៥០ ទៅ ១៣០០ ដុល្លារ និងអាផាតមិន លំដាប់ C មានតម្លៃចាប់ពី ៤០០ ទៅដល់ ៥០០ ដុល្លារក្នុងមួយខែ។ខណៈមានវិនិយោគមួយចំនួនបានទិញបន្ទប់ ខុនដូ ទុកសម្រាប់ដាក់ជួលនោះការប្រកួតប្រជែងរវាងបន្ទប់ស្នាក់នៅតាម អាផាតមិន និង ខុនដូ នឹងផ្តោតជាសំខាន់ទៅលើសេវាកម្ម និងតម្លៃវិញម្តង។
លោក កឺក ណារិន អ្នកវិភាគឯករាជ្យវិស័យអចលនទ្រព្យ បានលើកឡើងថា ទីផ្សារអាផាតមិន បានចាប់ផ្តើមធ្លាក់ចុះបណ្តើរៗហើយ បើទោះបីជាអត្រាប្រើប្រាស់បន្ទប់នៅតាមអាផាតមិន នៅតែមានសញ្ញាល្អ គឺក្នុងអត្រា ៩០ ភាគរយក្តី។ ការធ្លាក់ចុះនូវតម្លៃទីផ្សារជួលអាផាតមិន ព្រោះការប្រកួតប្រជែងកំពុងមានការកើនឡើង ដូច្នេះ អ្នកមានបំណងផ្គត់ផ្គង់អាផាតមិនថ្មីៗត្រូវតែធ្វើយ៉ាងណាឲ្យ ផលិតផលរបស់ខ្លួនមានគុណភាពល្អ និងមានបំពាក់សម្ភារបរិក្ខារទំនើបៗ មានតម្លៃសមរម្យ ព្រមទាំងមានផ្តល់សេវាកម្មឲ្យបានល្អប្រសើរផងដែរ។
លោកបានថ្លែងថា៖ «ចំនួនភ្ញៀវជួលអាផាតមិន មានកំណើនតិចតួចតែចំនួនអាផាតមិនសម្រាប់ជួលមានការកើនឡើង ដែលនេះជាហេតុផលសំខាន់ធ្វើតម្លៃជួលអាផាតមិន នៅលើទីផ្សារមិនអាចងើបឡើងបាន»។
បើតាមលោក ណារិន បច្ចុប្បន្ន អាផាតមិនជួលកម្រិត A ដែលមាន ១ បន្ទប់គេង នៅតំបន់បឹងកេងកង ១ មានតម្លៃចន្លោះពី ១៣០០-១៥០០ ដុល្លារក្នុង ១ ខែ ខណៈតំបន់ទួលទំពូងមានតម្លៃ ៨០០-១០០០ ដុល្លារ។ អាផាតមិនលំដាប់ B នៅតំបន់បឹងកេងកង ១ មានតម្លៃ ៧០០ ទៅ ១០០០ ដុល្លារ ខណៈនៅទួលទំពូងមានតម្លៃចន្លោះពី ៥០០ ទៅ ៨០០ ដុល្លារ និងអាផាតមិនលំដាប់ C នៅតំបន់បឹងកេងកង ១ មានតម្លៃពី ៣៥០-៤០០ ដុល្លារ។
ចំណែកអាផាតមិន ដែលមាន ២ បន្ទប់គេងនៅតំបន់បឹងកេងកេង ១ មានតម្លៃចន្លោះពី ១ ៨០០ ទៅ ២ ៥០០ ដុល្លារ តែតំបន់ទួលទំពូងមានតម្លៃចន្លោះពី ៨០០ ទៅ ១ ២០០ ដុល្លារ។